ក្នុងខែនេះ ក្រុមហ៊ុន កម្ពុជា តេលា ដែលជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងហ្គាសធំជាងគេនៅកម្ពុជា កំពុងបន្ថែមរថយន្តដឹកជញ្ជូនចំនួន ១០០គ្រឿងបន្ថែមទៀត ទៅដល់ផ្នែកដឹកជញ្ជូនរបស់ខ្លួន ដែលបច្ចុប្បន្នមានរថយន្ដដឹកជញ្ជូនចំនួន ៥០០គ្រឿង ។
ប្រសាសន៍របស់លោកឧកញ៉ា ឈុន អូន ស្ថាបនិកនិងជាប្រធាន / នាយកប្រតិបត្តិក្រុមហ៊ុន តេលា៖ “ចូលរួមទាំងអស់គ្នាក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំថេរពី ៦ ទៅ ៧% នៅក្នុងប្រទេសកម្ពុជា តម្រូវការប្រេងឥន្ធនៈ និងផលិតផលប្រេងឥន្ធនៈ នៅព្រះរាជាណាចក្រកម្ពុជាក៏កំពុងកើនឡើង ក្នុងអត្រាមួយយ៉ាងលឿនផងដែរ ហើយវាបានជំរុញឱ្យយើងបង្កើនសមត្ថភាពដឹកជញ្ជូននិងផ្គត់ផ្ដង់ដល់ ២០% នៅក្នុងឆ្នាំនេះ”។
រថយន្ដដឹកជញ្ជូនដែលទើបនឹងបន្ថែម ១០០ គ្រឿង ដែលមួយគ្រឿងៗមានចំណុះ ៣២,០០០ លីត្រ គឺជាផ្នែកមួយនៃគម្រោងពង្រីក និងវិនិយោគរបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យប្រេងឥន្ធនៈ និងហ្គាស មិនត្រឹមតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ នៅប៉ុន្មានឆ្នាំខាងមុខ។
ក្នុងឱកាសគម្រប់ខួប ២៥ ឆ្នាំរបស់ក្រុមហ៊ុន ក្នុងខែមករាឆ្នាំនេះ លោកឧកញ៉ា ឈុន អូន បានបង្ហាញចក្ខុវិស័យរបស់លោក ក្នុងការបង្កើនចំណែកទីផ្សាររបស់ក្រុមហ៊ុនពីចំណែកទីផ្សារបច្ចុប្បន្នចំនួន ៤០% ឱ្យកើនឡើងដល់ ៦៥% ដោយការយកឈ្នះផ្នែកទីផ្សារអ្នកប្រើប្រាស់នៅកម្ពុជា។
លោកឧកញ៉ា ឈុន អូន បានសង្កត់ធ្ងន់ថា “ បម្រែបម្រួល និងការប្រកួតប្រជែង ដូចជាវិស័យឧស្សាហកម្មប្រេងឥន្ធនៈ និងហ្គាស សព្វថ្ងៃនេះ យើងមិនអាចផ្ដោតភាពជោគជ័យរបស់យើង ដោយពឹងផ្អែកទៅលើការរីកលូតលាស់តាមបែបយថាកម្មបានទេ ប៉ុន្តែយើងត្រូវពឹងផ្អែកលើយុទ្ធសាស្ត្រទីផ្សារដ៏ត្រឹមត្រូវ តាមរយៈការពង្រឹងគុណតម្លៃនៃម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះផលិតផល”។
យោងតាមលោកឧកញ៉ា ឈុន អូន ដើម្បីឈានដល់គោលដៅ និងចីរភាពរបស់ក្រុមហ៊ុន ក្នុងនាមជាម៉ាកដែលនាំមុខនៅលើទីផ្សារ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន កំពុងតែខិតខំកសាងមុខមាត់ក្រុមហ៊ុន ឱ្យកាន់តែរឹងមាំតាមរយៈវិធីសាស្រ្តទីផ្សារខ្លាំងក្លា នាពេលបច្ចុប្បន្ននេះ។