ស្ទើរតែមនុស្សគ្រប់គ្នាពឹងផ្អែកលើប្រេងឥន្ធនៈជារៀងរាល់ថ្ងៃ។ ប្រេងឥន្ធនៈ ត្រូវបានប្រើដើម្បីផ្តល់ថាមពលដល់រថយន្ដ រថភ្លើង និងយន្ដហោះ។ វាក៏ត្រូវបានប្រើដើម្បីផលិតអគ្គិសនី និងផលិតទំនិញគ្រប់ប្រភេទ រួមទាំង ប្លាស្ទិចផងដែរ។ ប្រេងឥន្ធនៈ គឺជាទំនិញសំខាន់បំផុតមួយនៅលើពិភពលោកប៉ុន្តែតើអ្នកដឹងពីប្រវត្តិប្រេងឥន្ធនៈប៉ុណ្ណាដែរ? នេះ គឺជាអត្ថបទសង្ខេបអំពីប្រវត្ដិប្រេងឥន្ធនៈ។
ប្រេងឆៅ ដែលជាធាតុផ្សំសំខាន់ដែលត្រូវការសម្រាប់ការចម្រាញ់ប្រេងឥន្ធនៈ ត្រូវបានគេជឿថា វាត្រូវបានគេប្រើប្រាស់អស់រយៈពេលប្រហែលជា ៤.០០០ ឆ្នាំ មកហើយ។ គេគិតថាជនជាតិចិន គឺជាជនជាតិដំបូង ដែលបានទាញយក និងប្រើប្រាស់ប្រេង ក្នុងទម្រង់ជាប្រេងឥន្ធនៈ។ សំណេរ របស់ចិន ដែលមានអាយុកាលប្រហែល ២.០០០ ឆ្នាំ បានបញ្ជាក់ពីគំនិតនេះ។ ប្រជាជនចិន ចាប់ផ្តើមទាញយក ប្រេង ដោយការខួងអណ្តូងខួង ទៅក្នុងដីដោយប្រើប្រាស់បង្គោលឫស្សី។
រឿងរ៉ាវបែបទំនើប នៃប្រេងឥន្ធនៈ បានចាប់ផ្តើមនៅក្នុងឆ្នាំ ១៨៤៧ នៅពេលដែលJames Young គីមីវិទូជនជាតិស្កុតលែន បានកត់សម្គាល់អំពីការជ្រាបចេញដោយធម្មជាតិនៃប្រេង នៅភាគខាងជើងនៃប្រទេសអង់គ្លេស។ បន្ទាប់មក លោក Young បានចម្រាញ់វាទៅជាប្រេង ២ប្រភេទ ផ្សេងគ្នា៖មួយជាប្រភេទ ប្រេងរាវ ដែលសមស្របសម្រាប់ចង្កៀង និងប្រេងមួយប្រភេទទៀត ដែលខាប់ ដែលសមស្របសម្រាប់ប្រើជាប្រេងរំអិលគ្រឿងម៉ាស៊ីន។ លោក James Young បានដំណើរការអាជីវកម្មដោយជោគជ័យក្នុងការចម្រាញ់យកប្រេងអស់រយៈពេលពីរបីឆ្នាំ ប៉ុន្តែការផ្គត់ផ្គង់ ត្រូវបានថយចុះភ្លាមៗនៅឆ្នាំ ១៨៥១។
បន្តិចក្រោយមក នៅសហរដ្ឋអាមេរិក លោក Samuel Kier បានក្លាយជាមនុស្សដំបូងគេនៅអាមេរិក ដែលរកឃើញចង្កៀងប្រើប្រាស់ប្រេងដែលទាញយកពីប្រេងឥន្ធនៈ។ កាលពីមុនជនជាតិអាមេរិកភាគច្រើន បានប្រើខ្លាញ់ត្រីបាឡែនជាប្រេងសម្រាប់ដុតបំភ្លឺ។ ក្រោយមកទៀត ជនជាតិអាមេរិកម្នាក់ទៀតឈ្មោះ Edwin Drake បានខួងអណ្តូងប្រេងដំបូងបង្អស់ដោយជោគជ័យនៅ Titusville រដ្ឋPennsylvania សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៨៥៩ ។
នៅពេលដែលលោក Thomas Edison បានបង្កើតអំពូលអគ្គិសនីនៅឆ្នាំ ១៨៨២ តម្រូវការប្រេងបានចាប់ផ្តើមថយចុះទៅវិញ។ នៅដើមទសវត្សឆ្នាំ ១៩០០ អគ្គិសនី ត្រូវបានទទួលយក ហើយទីផ្សារប្រេងឥន្ធនៈស្ទើរតែស្លាប់បាត់បង់ទីផ្សារ។ ការច្នៃប្រឌិតរបស់រថយន្ត បានកែប្រែបញ្ហានេះ ទោះបីជាម៉ាស៊ីនដំបូង ត្រូវបានដំណើរការដោយចរន្តអគ្គិសនីក៏ដោយ មិនយូរប៉ុន្មានគេក៏ដឹងច្បាស់ថាម៉ាស៊ីនប្រើប្រាស់សាំង គឺជាជម្រើសដ៏មានប្រសិទ្ធភាពបំផុត។
កាលដើមឡើយ អ្នកបើកបរ ជនជាតិអាមេរិកទាំងឡាយ ត្រូវយកធុងទៅរោងចក្រចម្រាញ់ប្រេងក្នុងស្រុក ដើម្បីប្រមូលប្រេងឥន្ធនៈដែលពួកគេត្រូវការ ហើយបន្ទាប់មក អាជីវករខ្លះ បានចាប់ផ្តើមលក់ប្រេងសាំងនៅតាមចិញ្ចើមថ្នល់ ដែលបង្ករឱ្យមានការកកស្ទះ។ ហេតុការណ៍ខាងលើនេះ បានផ្លាស់ប្តូរនៅក្នុងឆ្នាំ ១៩០៥ នៅពេលដែលគម្រោងសាងសង់ស្ថានីយប្រេងឥន្ធនៈទីមួយ ត្រូវបានសាងសង់នៅ Saint Louis រដ្ឋ Missouri សហរដ្ឋអាមេរិក។ មិនយូរប៉ុន្មាន បណ្តាញស្ថានីយប្រេងឥន្ធនៈមួយ បានរីករាលដាល នៅទូទាំងប្រទេស កំណើននេះគឺដោយសារការធ្លាក់ចុះនៃតម្លៃរថយន្ត ដោយសារតែ លោក Henry Ford ដែលបានចាប់ផ្តើមលក់រថយន្តក្នុងតម្លៃសមរម្យ។
ការអភិវឌ្ឍ ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត នៅក្នុងប្រវត្តិសាស្ត្រប្រេងឥន្ធនៈបានកើតឡើងក្នុងអំឡុងសង្គ្រាមលោកលើកទី ១។ កាលពីមុន សង្គ្រាមនានា គឺត្រូវបានរៀបគ្រោងទុកជាមុន និងត្រូវបានប្រយុទ្ធ ដោយប្រើប្រាស់សេះ ដែលប្រការនេះគឺមិនមានប្រសិទ្ធភាពទាល់តែសោះ ពីព្រោះសេះត្រូវការចំណីអាហារច្រើន។ ក្នុងអំឡុងពេលសង្គ្រាម យានយន្តដើរដោយថាមពលប្រេងឥន្ធនៈក្នុងចំនួនដ៏ច្រើន ត្រូវបានផលិត ជាផ្នែកនៃប្រតិបត្ដិការសង្គ្រាម។ នៅចក្រភពអង់គ្លេស នៅពេលចាប់ផ្តើមធ្វើសង្រ្គាម គឺមានរថយន្ដប្រហែល ៨០០ គ្រឿង ហើយនៅចុងបញ្ចប់មានច្រើនជាង ៩០.០០០ គ្រឿង។ ម៉ាស៊ីនប្រើសាំង បានផ្លាស់ប្តូរទាំងស្រុងនូវរបៀបធ្វើសង្គ្រាមដែលធ្លាប់មានពីមុន ដោយសាររថក្រោះ និងយន្តហោះត្រូវបានបង្កើតឡើង។
មិនយូរប៉ុន្មាន ប្រេងដែលជាតម្រូវការ សម្រាប់ការផលិតប្រេងឥន្ធនៈ ក៏បានផ្លាស់ប្តូរនយោបាយផងដែរ អ្នកនយោបាយបានចាប់ផ្តើមចាត់ទុកប្រេង ជាធនធានដ៏សំខាន់មួយ ដូច្នេះការផ្គត់ផ្គង់ប្រេង ត្រូវការការពារ និងការធានា។ នៅពេលនេះ សហរដ្ឋអាមេរិក ទទួលបានតំណែងជាក្រុមហ៊ុនផលិតប្រេងកំពូលដែលមានចំណែកទីផ្សារ ៦៥%។ ឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានផ្លាស់ប្តូរនៅក្នុងទសវត្សឆ្នាំ ១៩៣០ ដោយសារតែការរកឃើញប្រភពប្រេងខ្នាតយក្សដ៏ធំ នៅមជ្ឈឹមបូព៌ា ការរកឃើញដំបូង ត្រូវបានធ្វើឡើងនៅអារ៉ាប់ប៊ីសាអូឌីត និងកូវ៉ែត។ ក្រោយពីនោះមក មានការពឹងផ្អែកកាន់តែខ្លាំងឡើង លើ មជ្ឈឹមបូព៌ា ដើម្បីផ្គត់ផ្គង់ប្រេងដល់ពិភពលោក ដែលមានតម្រូវការកាន់តែកើនឡើង។
នៅអំឡុងសង្គ្រាមលោកលើកទី២ ទីតាំងយុទ្ធសាស្រ្ត និងការគ្រប់គ្រងយោធានៅតំបន់ប្រេងរបស់ពិភពលោក គឺបានក្លាយជាកត្តាយុទ្ធសាស្ត្រដ៏សំខាន់ អណ្ដូងប្រេង និងរោងចក្រចម្រាញ់ប្រេងឥន្ធនៈជាច្រើនបានក្លាយជាគោលដៅ សម្រាប់ការទម្លាក់គ្រាប់បែក ដែលជាផ្នែកមួយនៃជម្លោះ។
នៅទសវត្សឆ្នាំ ១៩៥០ ប្រេង បានវ៉ាដាច់ធ្យូងថ្ម ដែលបានក្លាយជាឥន្ធនៈប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោក។ នៅទសវត្សឆ្នាំ ១៩៧០ ព្រឹត្តិការណ៍នៅមជ្ឈឹមបូព៌ាបាននាំឱ្យមានចលាចលផ្នែកនយោបាយ ដែលរំខានដល់ការផ្គត់ផ្គង់ប្រេង ព្រឹត្ដិការណ៍នេះបានជំរុញឱ្យតម្លៃប្រេងនៅលើពិភពលោកកើនឡើង ហើយនាំឱ្យមានការតម្រង់ជួរជាច្រើនយ៉ាងវែង នៅតាម កន្លែងចាក់សាំងនៅពាសពេញប្រទេសលោកខាងលិច។
សព្វថ្ងៃនេះ រថយន្តប្រហែល ៩០ ភាគរយ នៅលើដងផ្លូវនៅលើពិភពលោក ដំណើរការដោយប្រេងឥន្ធនៈ ហើយប្រេងឥន្ធនៈ ត្រូវបានគេចាត់ទុកថាជាទំនិញសំខាន់បំផុតមួយរបស់ពិភពលោក ដែលការផ្គត់ផ្គង់ និងតម្លៃរបស់វា គឺជាកត្ដាដែលជះឥទ្ធិពលយ៉ាងខ្លាំងមួយ ដល់សេដ្ឋកិច្ច និងនយោបាយរបស់ពិភពលោក។ ប្រទេសវ៉េណេស៊ុយអេឡា អារ៉ាប់ប៊ីសាអូឌីត រុស្ស៊ី និងសហរដ្ឋអាមេរិក បច្ចុប្បន្នគឺជាប្រទេស ដែលមានប្រេងបម្រុងច្រើនជាងគេបំផុត។