fbpx

News

NEWSROOM

រឿងពិតរបស់ប្រេងឥន្ធន

Share on

Share on facebook
Share on linkedin
Share on twitter

មនុស្សភាគច្រើនពឹងផ្អែកលើប្រេងឥន្ធនៈ នៅក្នុងជីវភាពរស់នៅ របស់ពួកគេទោះជាតាមរបៀបណាមួយក្ដី។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈឈានមុខគេនៅប្រទេសកម្ពុជា យើងបានចងក្រងជាបញ្ជី នៃរឿងពិតដ៏គួរឱ្យចាប់អារម្មណ៍ ចំនួន ១០ អំពីប្រេងឥន្ធនៈ និងប្រេង ដែលអ្នកប្រហែលជាមិនបានដឹង។

១- ឧស្ម័នឥន្ធនៈ LPG មិនមានក្លិនទេ

ឧស្ម័នឥន្ធនៈ LPG គឺជាល្បាយនៃ ប្រូប៉ាន និងប៊ុយតាន វាមិនមានក្លិនទេ ប៉ុន្តែក្រុមហ៊ុននានាបន្ថែមសារធាតុអេទីល មេកាប៉ាន ដែលជាសារធាតុគីមីដែលមានក្លិនខ្លាំង។ ហេតុផលដែលគេធ្វើបែបនេះ គឺថាបើមាននរណាម្នាក់នៅក្បែរកន្លែងដែលមានលេចធ្លាយ ដែលអាចបង្ករជាគ្រោះថ្នាក់ គេនឹងអាចដឹងបានភ្លាមៗដោយសារធុំក្លិនវា។

២- ប្រទេសន័រវែសមានតម្លៃប្រេងឥន្ធនៈ ថ្លៃបំផុតនៅបស្ចិមប្រទេស

ប្រទេសន័រវែស មានតម្លៃប្រេងឥន្ធនៈថ្លៃបំផុតនៅលើពិភពលោក នៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួន។ ថ្វីបើ ពួកគេមានប្រេងបម្រុងទុកច្រើន ហើយចំនួនប្រជាជនតិច ក៏ដោយ។ មិនដូចប្រទេសផលិតប្រេងមួយចំនួនទេ ប្រទេសន័រវែស មិនបានឧបត្ថម្ភធនដល់ថ្លៃប្រេងឥន្ធនៈតាមស្ថានីយនោះទេ ហើយផ្ទុយទៅវិញ ប្រទេសនេះ បានប្រើប្រាស់ប្រាក់នេះ សម្រាប់ឧបត្ថម្ភដល់វិស័យអប់រំ សុខាភិបាល និងមូលនិធិចូលនិវត្តន៍ជាតិសម្រាប់ប្រជាជន។

៣- ដើម្បីផលិតប្រេងឥន្ធនៈ លីត្រ គឺត្រូវការរុក្ខជាតិនិងសត្វងាប់ជាង ២៣ តោន

ប្រេងឥន្ធនៈ ត្រូវបានផលិតចេញពីផូស៊ីលសត្វ (ភាគច្រើនគឺប្លង់តុង និងសារាយសមុទ្រ) ព្រមទាំង រុក្ខជាតិមួយចំនួនផ្សេងទៀត ដែលបានងាប់រាប់លានឆ្នាំមុន។ ផូស៊ីល ចំនួន ២៣តោន ផលិតបានប្រេងឥន្ធនៈត្រឹមតែ ១លីត្រប៉ុណ្ណោះ។

៤- ទីក្រុង Los Angeles មានប្រភពប្រេងដ៏សម្ងាត់មួយកន្លែង

Los Angeles គឺជាទីក្រុង និងមជ្ឈមណ្ឌលកម្សានដ៏ធំរបស់អាមេរិក វាក៏ជាប្រភពប្រេងឥន្ធនៈធំ​ទី៣ នៅសហរដ្ឋ​​​អាមេរិក នៅក្នុងព្រំដែននៃទីក្រុងនេះ អណ្ដូងប្រេងនានា ត្រូវបាន​លាក់នៅក្នុងសំណង់អគារ និង​រូប​​សំណាក់ក្លែងក្លាយ ដើម្បីកុំឱ្យអ្នករស់នៅ និងអ្នកទៅលេងទីក្រុងនេះបានដឹង។ អគារទាំងនោះ ក៏ត្រូវបា​ន​​​​​បំពាក់ដោយឧបករណ៍រាំងខ្ទប់សម្លេង ដើម្បីកុំឱ្យសម្លេង ​របស់ម៉ាស៊ីន​បូមប្រេងឮចេញទៅក្រៅ។ អណ្តូងប្រេង​​​​​មួយក្នុងចំណោម​អណ្ដូង​ប្រេង​ទាំងនោះ មាន​ទីតាំង​នៅ​ជិតខាងសង្កាត់​ជ្វីហ្វ គឺត្រូវបានលាក់នៅ​ក្នុងអគារ​ក្លែងក្លាយ​សម្រាប់ការធ្វើ​សក្ការៈ​បូជារបស់ជនជាតិជ្វីហ្វ ខណៈ ដែល​អណ្ដូងប្រេង​ផ្សេងៗទៀត ត្រូវបានលាក់បំបាំងនៅ​ក្នុងអគារការិយាល័យក្លែងក្លាយដែលគ្មានបង្អួច នៅជុំវិញទីក្រុង។

៥- ក្រមួនប្រេង ត្រូវបានរកឃើញនៅលើអណ្តូងខួងប្រេង

ក្រមួនប្រេង ត្រូវបានគេរកឃើញនៅពេលគីមីវិទូម្នាក់ឈ្មោះ Robert Chesebroug បានទៅទស្សនកិច្ចកន្លែងខួងប្រេងក្នុងឆ្នាំ ១៨៥៩ ហើយបានសង្កេតឃើញកម្មករ បានដាក់ក្រមួន ដែលនៅជាប់នៅលើអណ្ដូងខួងប្រេង និងឧបករណ៍ខួង លើរបួស និងស្នាមរលាក ដើម្បីជួយឱ្យឆាប់ជាសះស្បើយ។ គីមីវិទូរូបនេះ បានរកឃើញវិធីបំបែកក្រមួនប្រេង ហើយលក់វាក្រោមឈ្មោះយីហោ Vaseline ដែលត្រូវបានដាក់លក់ដំបូងក្នុងឆ្នាំ ១៨៧២ Vaseline គឺនៅតែមានលក់នៅទូទាំងពិភពលោកក្នុងគោលបំណងការពារស្បែក និងជាផលិតផលគ្រឿងសំអាងរហូតមកដល់សព្វថ្ងៃ។

៦- ប្រេងឥន្ធនៈត្រូវបានប្រើជាថ្នាំ

កាលពីរាប់ពាន់ឆ្នាំមុន មុនពេលប្រេងត្រូវបានគេចម្រាញ់ជាប្រេងឥន្ធនៈនិងមុនពេលរថយន្ដត្រូវបានបង្កើតឡើង ប្រេងត្រូវបានគេប្រើជាថ្នាំសម្រាប់ព្យាបាលជំងឺជាច្រើនមុខ។ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បានច្រានចោលអត្ថប្រយោជន៍ប្រេង នៅក្នុងថ្នាំភាគច្រើន ដែលវាត្រូវបានប្រើពីមុន។ ឧទាហរណ៍មួយចំនួន នៃបញ្ហាវេជ្ជសាស្រ្ត ដែលត្រូវបានព្យាបាលដោយប្រេងមាន ដូចជា៖ ជំងឺភ្នែក, សត្វល្មូនខាំ, បញ្ហាផ្លូវដង្ហើម, ជំងឺសរសៃប្រសាទ, ជំងឺឆ្កួតជ្រូក។ ការលាយបញ្ចូលគ្នារវាងប្រេង និងធាងស្ពៃក្តោប ត្រូវបានគេប្រើដើម្បីព្យាបាលជំងឺរលាកស្បែក។

៧- ប្រេងត្រូវបានវាស់ជាបារ៉ែល

នៅឆ្នាំ ១៨៦៦ ខ្នាតរង្វាស់ប្រេងជាសកលត្រូវបានកំណត់។ ប្រេងមួយបារ៉ែលស្មើនឹង ១៥៩ លីត្រក្នុងខ្នាតរង្វាស់ម៉ែត្រ។ ហេតុផលនៃការកំណត់នេះ គឺដោយសារតែនៅពេលនោះបារ៉ែលប្រេងតាមស្តង់ដាររបស់សហរដ្ឋអាមេរិក គឺ ៤២ ហ្គាឡិន (ប្រមាណ ១៥៩ លីត្រ)។ នៅក្នុងសម័យទំនើបនេះ គ្មាននរណាម្នាក់ទិញប្រេងជាបារ៉ែល ហើយប្រេងកម្រ នឹងត្រូវបានដឹកជញ្ជូន ដោយដាក់ក្នុងបារ៉ែលណាស់។

៨- បំពង់ Druzhba គឺជាបំពង់បង្ហូរប្រេង ដែលវែងជាងគេបំផុតនៅលើពិភពលោក

បំពង់ប្រេង Druzhaba គឺជាបំពង់បង្ហូរប្រេងវែងជាងគេបំផុតនៅលើពិភពលោក។ វាមានប្រភព នៅភាគខាងកើតនៃប្រទេសរុស្ស៊ីប៉ែកអឺរ៉ុប ក្នុងទីក្រុង Almetyevsk និងលាតសន្ធឹងកាត់ប្រទេសរុស្ស៊ីភាគខាងលិច បេឡារុស្ស ប៉ូឡូញ និងចូលទៅប្រទេសអាល្លឺម៉ង់ប្រហែល ៤.០០០ គីឡូម៉ែត្រ (២.៥០០ ម៉ៃ) វាមានខ្សែបណ្តាញបំបែកទៅប្រទេសផ្សេងៗទៀត ដូចជា៖ សាធារណរដ្ឋឆែក អ៊ុយក្រែន និងស្លូវ៉ាគី។ ការស្ថាបនាបានចាប់ផ្តើមនៅឆ្នាំ ១៩៦០ ដោយប្រេងដំបូង ត្រូវបានបង្ហូរតាមបំពង់បង្ហូរប្រេងនេះ ក្នុងឆ្នាំ ១៩៧០ សព្វថ្ងៃបំពង់បង្ហូរប្រេងនេះគឺជាផ្លូវសំខាន់សម្រាប់បញ្ជូនឧស្ម័ន ពីរុស្ស៊ី ទៅអឺរ៉ុប។

៩- ប្រេងត្រូវបានគេប្រើប្រាស់សម្រាប់គោលបំណងជាច្រើនទៀត មិនមែន ​សម្រាប់តែផលិតប្រេងឥន្ធនៈ និងផ្ដល់ថាមពលដល់យានយន្តប៉ុណ្ណោះទេ

ប្រេង ត្រូវបានប្រើសម្រាប់ផលិតអគ្គិសនីនៅកន្លែងខ្លះ ហើយវាក៏ជាធាតុផ្សំសំខាន់នៃផលិតផលជាច្រើនផ្សេងទៀត រួមមាន៖ ផលិតផលសម្លៀកបំពាក់ ជី ដបប្លាស្ទិច ប៊ិច និងរបស់ប្រើប្រាស់ជាច្រើនទៀត។

១០- ប្រភពប្រេងធំជាងគេបំផុតរបស់ពិភពលោក គឺនៅអារ៉ាប់ប៊ីសាអូឌីត

ប្រភពប្រេង Ghawar នៅអារ៉ាប់ប៊ីសាអូឌីតជាអណ្ដូងប្រេងដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលវាផលិតប្រេងរហូតដល់ ៣,៨ លានបារ៉ែល ក្នុងមួយថ្ងៃ និងមានក្រឡាផ្ទៃទំហំ ២៨០ គុណនឹង ៣០ គីឡូម៉ែត្រ។ ប្រភពប្រេងនេះ ត្រូវបានរកឃើញនៅឆ្នាំ ១៩៤៨ ហើយប្រេងត្រូវបានគេចាប់ផ្តើមជីកយកនៅឆ្នាំ ១៩៥១។ ប្រភពប្រេងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសូឌី អារ៉ាមកូ (Saudi Aramco) ដែលជាក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋ នៅអារ៉ាប់ប៊ីសាអូឌីត។


divider

ABOUT KAMPUCHEA TELA

Today’s Kampuchea Tela Co., Ltd. was initially founded in 1993 as Kandal Import & Export Company known as Kadimex. With the strong leadership of Oknha Chhun On, founder & Chairman / CEO, Kadimex saw a remarkable growth in matter of two (2) years and renamed the company to Kampuchea Tela in 1995 by focusing its core business on fuel distribution to meet the growing demand in the Kingdom. In 1996, a year after Kampuchea Tela’s incorporation, the company’s first oil storage terminal was commissioned in Phnom Penh, the Kingdom’s capital city.

In 2004, the company built its second storage terminal in Sihanoukville, Cambodia’s major port and harbor city, enabling Kampuchea Tela to supply fuels both to industries and end consumers through its extensive distribution network in the country. Today, Kampuchea Tela is Cambodia’s one of the leading Oil & Gas companies, with 1,899 retail outlets and service stations throughout the Kingdom and still growing with substantial renovation and expansion plans in hand.